Type Here to Get Search Results !

ឯតទគ្គ បាលី

 ឯតទគ្គ បាលី

    ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកដឹងរាត្រី ដែលជាសាវករបស់តថាគត ស្រេចនឹងអញ្ញាកោណ្ឌញ្ញៈប្រសើរជាងគេ។ បណ្តាពួកភិក្ខុអ្នកមានប្រាជ្ញាច្រើន ស្រេចនឹង សារីបុត្ត។ ពួកភិក្ខុអ្នកមានឫទ្ធិ ស្រេចនឹងមហាមោគ្គល្លាន។ ពួកភិក្ខុអ្នកពោលពាក្យកំចាត់បង់​កិលេស ស្រេចនឹងមហាកស្សបៈ។ ពួកភិក្ខុអ្នកមានទិព្វចក្ខុ ស្រេចនឹងអនុរុទ្ធ។ ពួកភិក្ខុ អ្នក​មាន​ត្រកូលខ្ពស់ ស្រេចនឹងភទ្ទិយកាឡិគោធាយបុត្ត។ ពួកភិក្ខុអ្នកមានសំឡេងពីរោះ ស្រេចនឹង​លកុណ្តកភទ្ទិយៈ។ ពួកភិក្ខុអ្នកបន្លឺសីហនាទ ស្រេចនឹងបិណោ្ឌលភារទ្វាជៈ។ ពួកភិក្ខុ​ជា​ធម្មកថិក ស្រេចនឹងបុណ្ណមន្តានីបុត្ត។ ពួកភិក្ខុអ្នកចែកសេចក្តីធម៌ ដែលតថាគត សំដែង​ដោយសង្ខេប ឲ្យពិស្តារបាន ស្រេចនឹងមហាកច្ចានៈ។
ចប់ វគ្គទី ១។
    [១៤៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកនិមិត្តកាយសម្រេចតាមចិត្តបាន ដែល ជាសាវករបស់តថាគត ស្រេចនឹងចុល្លបន្ថកៈ ប្រសើរជាងគេ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការ បើកចិត្ត ស្រេចនឹងចុល្លបន្ថកៈ។ ពួកភិក្ខុអ្នកឈ្លាសក្នុងការបើកប្រាជ្ញា ស្រេចនឹងមហាបន្ថកៈ។ ពួកភិក្ខុអ្នកនៅដោយឥតកិលេស ស្រេចនឹងសុភូតិ។ ពួកភិក្ខុអ្នកគួរដល់ទក្ខិណាទាន ស្រេច នឹងសុភូតិ។ ពួកភិក្ខុអ្នកនៅក្នុងព្រៃ ស្រេចនឹងរេវតខទិរវនិយៈ។ ពួកភិក្ខុអ្នកបានឈាន ស្រេចនឹងកង្ខារេវតៈ។ ពួកភិក្ខុអ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹងសោណកោលិវិសៈ។ ពួកភិក្ខុអ្នកពោលពាក្យពីរោះ ស្រេចនឹងសោណកុដិកណ្ណៈ។ ពួកភិក្ខុអ្នកមានលាភ​ ស្រេច នឹងសីវលី។ ពួកភិក្ខុអ្នកមានសទ្ធាស៊ប់ ស្រេចនឹងវក្កលិ។
ចប់ វគ្គទី ២។
    [១៤៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកស្រឡាញ់សិក្ខា ដែលជាសាវករបស់ តថាគត ស្រេចនឹងរាហុលប្រសើរជាងគេ។ ពួកភិក្ខុអ្នកបួសដោយសទ្ធា ស្រេចនឹងរដ្ឋបាល។ ពួកភិក្ខុអ្នកចាប់ស្លាកដំបូងបង្អស់ ស្រេចនឹងកុណ្ឌធាន។ ពួកភិក្ខុអ្នកមានបដិភាណ ស្រេច នឹងវង្គីសៈ។ ពួកភិក្ខុអ្នកមានសេចក្តីជ្រះថ្លាគ្រប់គ្រាន់ ស្រេចនឹងឧបសេនវង្គន្តបុត្ត។ ពួកភិក្ខុ​អ្នក ក្រាល​សេនាសនៈ ស្រេចនឹងទព្វមល្លបុត្ត។ ពួកភិក្ខុជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ទេវតា ទាំងឡាយ ស្រេចនឹងបិលិន្ទវច្ឆៈ។ ពួកភិក្ខុអ្នកត្រាស់ដឹងរហ័ស ស្រេចនឹងពាហិយទារុចីរិយៈ។ ពួកភិក្ខុអ្នកចេះសំដី ដ៏វិចិត្ត ស្រេចនឹងកុមារកស្សបៈ។ ពួកភិក្ខុអ្នកបានបដិសម្ភិទា ស្រេចនឹង មហាកោដ្ឋិតៈ។
ចប់ វគ្គ ទី៣។
    [១៤៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកចេះដឹងច្រើន ដែលជាសាវករបស់ តថាគត ស្រេចនឹងអានន្ទ ប្រសើរជាងគេ។ ពួកភិក្ខុអ្នកមានស្មារតី ស្រេចនឹងអានន្ទ។ ពួក ភិក្ខុអ្នកមានគតិ ស្រេចនឹងអាន្ទន។ ពួកភិក្ខុអ្នកមានប្រាជ្ញា ស្រេចនឹងអាន្ទន។ ពួកភិក្ខុ​ជា​ឧបដ្ឋាក ​ក៏ស្រេចនឹងអានន្ទដែរ។ ពួកភិក្ខុអ្នកមានបរិស័ទច្រើន ស្រេចនឹងឧរុវេលកស្សបៈ។ ពួកភិក្ខុអ្នកញុំាងត្រកូល ឲ្យជ្រះថ្លា ស្រេចនឹងកាឡុទាយិ។ ពួកភិក្ខុអ្នកគ្មានអាពាធ ស្រេចនឹងពក្កុលៈ។ ពួកភិក្ខុអ្នករឭកឃើញបុពេ្វនិវាស ស្រេចនឹងសោភិតៈ។ ពួកភិក្ខុអ្នកទ្រទ្រង់វិន័យ ស្រេចនឹងឧបាលិ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុនី ស្រេចនឹងនន្ទកៈ។ ពួកភិក្ខុអ្នករក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្រេចនឹងនន្ទៈ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុ ស្រេចនឹងមហាកប្បិន។ ពួកភិក្ខុ អ្នកឈ្លាសវៃ ក្នុងតេជោធាតុ ស្រេចនឹងសាគតៈ។ ពួកភិក្ខុអ្នកឈ្លាសវៃ ក្នុងបដិភាណ ស្រេចនឹងរាធៈ។ ពួកភិក្ខុអ្នកទ្រទ្រង់ចីវរសៅហ្មង ស្រេចនឹងមោឃរាជ។
ចប់ វគ្គ ទី៤។
    [១៥០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រី ដែលជាសាវិកា របស់តថាគត ស្រេចនឹងមហាបជាបតីគោតមីប្រសើរជាងគេ។ ពួកភិក្ខុនី អ្នកមានប្រាជ្ញាច្រើន ស្រេចនឹង នាងខេមា។ ពួកភិក្ខុនី អ្នកមានឫទ្ធិ ស្រេចនឹងនាងឧប្បលវណ្ណា។ ពួកភិក្ខុនី អ្នកទ្រទ្រង់វិន័យ ស្រេចនឹងនាងបដាចារា។ ពួកភិក្ខុនី ជាធម្មកថិកា ស្រេចនឹងនាងធម្មទិន្នា។ ពួកភិក្ខុនី អ្នកមានឈាន ស្រេចនឹងនាងនន្ទា។ ពួកភិក្ខុនី អ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹង នាងសោណា។ ពួកភិក្ខុនី អ្នកមានទិព្វចក្ខុ ស្រេចនឹងនាងសកុលា។ ពួកភិក្ខុនីបានត្រាស់ដឹង​រហ័ស ស្រេចនឹងនាងភទ្ទាកុណ្ឌលកេសា។ ពួកភិក្ខុនី អ្នករឭកឃើញបុព្វេនិវាស ស្រេចនឹង នាងភទ្ទាកបិលានី។ ពួកភិក្ខុនី អ្នកបានអភិញ្ញាដ៏ធំ ស្រេចនឹងភទ្ទាកច្ចានា។ ពួកភិក្ខុនី អ្នក
ទ្រទ្រង់ចីវរដ៏សៅហ្មង ស្រេចនឹងនាងកិសាគោតមី។ ពួកភិក្ខុនី អ្នកមានសទ្ធាស៊ប់ ស្រេចនឹង នាងសិគាលមាតា។
ចប់ វគ្គ ទី៥។
    [១៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកអ្នកដល់សរណៈជាបឋម ដែលជា សាវក របស់តថាគត ស្រេចនឹងតបុស្សពាណិជ និងភល្លិកពាណិជ ប្រសើរជាងគេ។ ពួក ឧបាសក ជាទាយក (អ្នកឲ្យទាន) ស្រេចនឹងសុទត្តគហបតី គឺអនាថបិណ្ឌិកសេដ្ឋី។ ពួក ឧបាសក ជាធម្មកថិក​ ស្រេចនឹងចិត្តគហបតី ដែលនៅក្នុងស្រុកមច្ឆិកសណ្ឌៈ។ ពួកឧបាសក អ្នកសង្គ្រោះបរិស័ទ ដោយសង្គហវត្ថុ ៤ ប្រការ ស្រេចនឹងហត្ថកអាឡវក។ ពួក​ឧបាសក អ្នកឲ្យភោជន មានរសដ៏ឧត្តម ស្រេចនឹងមហានាមសក្កៈ។ ពួកឧបាសក អ្នកឲ្យភោជន​ ជា​ទីគាប់ចិត្ត ស្រេចនឹងឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី។ ពួកឧបាសក អ្នកបំរើសង្ឃ ស្រេច​នឹង​ឧគ្គតគហបតី។ ពួកឧបាសក អ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងសូរអម្ពដ្ឋ។ ពួកឧបាសក អ្នកញុំាងបុគ្គលឲ្យជ្រះថ្លា ស្រេចនឹងជីវកកោមារភច្ច។ ពួកឧបាសក អ្នកចេះនិយាយ​ឲ្យអ្នកដទៃស្និទ្ធស្នាល ស្រេចនឹងនកុលបិតាគហបតី។
ចប់ វគ្គ ទី៦។
    [១៥២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសិកាអ្នកដល់នូវសរណៈជាបឋម ដែលជា សាវិកា របស់តថាគត ស្រេចនឹងនាងសុជាតា សេនានិធីតា [អដ្ឋកថា ថា សេនីយធីតា។] ប្រសើរជាងគេ។ ពួកឧបាសិកា ជាទាយិកា (អ្នកឲ្យទាន) ស្រេចនឹងនាងវិសាខាមិគារមាតា។ ពួកឧបាសិកា អ្នកចេះដឹងច្រើន ស្រេចនឹងនាងខុជ្ជុត្តរា។ ពួកឧបាសិកា អ្នកនៅដោយមេត្តា ស្រេចនឹងនាងសាមាវតី។ ពួកឧបាសិកា អ្នកមានឈាន ស្រេចនឹងនាងឧត្តរានន្ទមាតា។ ពួកឧបាសិកា អ្នកឲ្យទានផ្ចិតផ្ចង់ ស្រេចនឹងនាង​សុប្បវាសាកោលិយធីតា។ ពួកឧបាសិកា អ្នកបម្រើជំងឺ ស្រេចនឹងនាងសុប្បិយាឧបាសិកា។ ពួកឧបាសិកា អ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងនាងកាតិយានី។ ពួកឧបាសិកា អ្នកចេះធ្វើឲ្យអ្នកដ៏ទៃស្និទ្ធស្នាល ស្រេចនឹង​នាង​នកុលមាតាគហបតានី។ ពួកឧបាសិកា អ្នកជ្រះថ្លាតាមពាក្យ ដែលឮតៗគ្នា ស្រេចនឹងនាងកាលីឧបាសិកាកុររឃរិកា [កុលឃរិកា។] ។
ចប់ វគ្គ ទី៧។
អង្គុត្តរនិកាយ ឯក-ទុកនិបាត បឋមភាគ
(ព្រះត្រៃបិដក ភាគទី៤០)

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
គោលបំណង​ គឺ ដើម្បីលើកស្ទួយដល់អ្នកដែលស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវ​ ដើម្បីយកចំណេះដឹងដែលបានសិក្សាហើយ​យកទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គមជាតិ​ ​ឱ្យបានរីកចម្រើនតទៅ... សូមបញ្ជាក់ថា: វេបសាយនេះ ពុំមានការស្វែងរកផលកម្រៃនិងផលប្រយោជន៍ណាមួយឡើយ... ចំណេះដឹង គ្មានដែនកំណត់​ ​​​​​​​​​​​​​​​​​"ព្រោះការសិក្សា ធ្វើឱ្យមានសេរីភាព"