Type Here to Get Search Results !

ឈប់ "ធ្វើជាមនុស្សខ្វះទំនុកចិត្តលើខ្លួនឯង"

                   ឈប់ "ធ្វើជាមនុស្សខ្វះទំនុកចិត្តលើខ្លួនឯង" 
                 (វិធីឈប់អៀន ឈប់ខ្លាច និងបង្កើតទំនុកចិត្តលើខ្លួនឯង)
❌ឈប់❌"ធ្វើជាមនុស្សខ្វះទំនុកចិត្តលើខ្លួនឯង" 
                 (វិធីឈប់អៀន ឈប់ខ្លាច និងបង្កើតទំនុកចិត្តលើខ្លួនឯង)

១. ជឿជាក់លើខ្លួនឯង ហើយហ៊ានប្រឈមមុខនឹងបញ្ហា
     🪷ឧទាហរណ៍៖ ពេលគ្រូហៅឱ្យឡើងនិយាយមុខថ្នាក់ បើទោះជាភ័យក៏ដោយ ត្រូវប្រាប់ខ្លួនឯងថា "ខ្ញុំធ្វើបាន" ហើយដើរឡើងទៅនិយាយដោយក្លាហាន។

២. កត់ត្រាគោលដៅទុកនៅកន្លែងដែលងាយមើលឃើញ
     🪷ឧទាហរណ៍៖ សរសេរដាក់លើក្រដាសបិទនៅជញ្ជាំងបន្ទប់ ឬមុខកញ្ចក់ថា "ឆ្នាំនេះខ្ញុំត្រូវសន្សំលុយឱ្យបាន ១០០០ ដុល្លារ" ដើម្បីមើលរាល់ថ្ងៃឱ្យមានកម្លាំងចិត្ត។

៣. ចាប់ផ្តើមធ្វើ ទោះដឹងថាអាចនឹងបរាជ័យ
      🪷ឧទាហរណ៍៖ ចង់លក់នំតាម Online ក៏សាកល្បងផុសលក់សិន។ បើគ្មានអ្នកទិញ កុំទាន់អស់សង្ឃឹម ត្រូវរៀនពីកំហុសថាហេតុអ្វី (ថតរូបមិនស្អាត ឬតម្លៃថ្លៃពេក?)។

៤. បើពិបាកសម្រេចចិត្ត ត្រូវសួរអ្នកជំនាញ
     🪷ឧទាហរណ៍៖ បើមិនដឹងថាត្រូវរៀនជំនាញអ្វីនៅមហាវិទ្យាល័យ កុំស្មានៗ ត្រូវទៅសួរសិស្សច្បង ឬអ្នកប្រឹក្សាយោបល់ដើម្បីជ្រើសរើសអ្វីដែលត្រូវនឹងយើង។

៥. គោរពគោលការណ៍ ឬតម្លៃរបស់ខ្លួនឯង
     🪷ឧទាហរណ៍៖ បើយើងជាមនុស្សស្មោះត្រង់ មិនត្រូវកុហកអ្នកដទៃគ្រាន់តែដើម្បីយកចិត្តគេឡើយ ព្រោះវានឹងធ្វើឱ្យយើងបាត់បង់តម្លៃខ្លួនឯង។

៦. កត់ត្រា "ចំណុចល្អៗរបស់ខ្លួនឯង"
     🪷ឧទាហរណ៍៖ យកសៀវភៅមកកត់ថា "ខ្ញុំពូកែធ្វើម្ហូប", "ខ្ញុំចេះលេងហ្គីតា", "ខ្ញុំជាមនុស្សចូលចិត្តជួយគេ"។ អានវាពេលណាដែលមានអារម្មណ៍មិនល្អ។

៧. ទទួលស្គាល់ការសង្ស័យ តែត្រូវរកចម្លើយតាមរយៈការធ្វើ
     🪷ឧទាហរណ៍៖ ឆ្ងល់ថា "តើខ្ញុំអាចបើកឡានកើតអត់?" កុំគ្រាន់តែឆ្ងល់ ត្រូវទៅចុះឈ្មោះរៀនបើកបរឱ្យចេះតែម្តងទៅ។

៨. ឈប់មើលងាយខ្លួនឯង
     🪷ឧទាហរណ៍៖ បើប្រឡងធ្លាក់ ហាមជេរខ្លួនឯងថា "ល្ងង់"។ ត្រូវនិយាយថា "លើកនេះធ្វើមិនបានល្អ តែខ្ញុំអាចខំរៀនបន្ថែមបាន"។

៩. កាត់បន្ថយរឿង ឬមនុស្សដែលគ្មានប្រយោជន៍
    🪷ឧទាហរណ៍៖ មិត្តភក្តិណាដែលចូលចិត្តបបួលផឹកស៊ីរាល់ថ្ងៃ ឬខ្ចីលុយមិនសង ហើយនិយាយដើមគេ គួរតែដើរចេញឱ្យឆ្ងាយ។

១០. ស្រមៃមើលភាពជោគជ័យរបស់ខ្លួនឱ្យច្បាស់
    🪷ឧទាហរណ៍៖ បិទភ្នែកស្រមៃថាយើងកំពុងពាក់អាវបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រដោយស្នាមញញឹម។

១១. រៀបចំជីវិតឱ្យមានរបៀបរៀបរយ
    🪷ឧទាហរណ៍៖ ធ្វើតារាងប្រចាំថ្ងៃ ម៉ោង ៦ ក្រោក, ម៉ោង ៧ ហាត់ប្រាណ, ម៉ោង ៨ ធ្វើការ។ ការចេះគ្រប់គ្រងពេលវេលា ធ្វើឱ្យយើងមានទំនុកចិត្ត។

១២. ចាប់ផ្តើមពីរឿងតូចៗសិន
    🪷ឧទាហរណ៍៖ បើចង់រត់ម៉ារ៉ាតុង ៤២ គីឡូ កុំទាន់បង្ខំ។ ចាប់ផ្តើមពីការដើរ ឬរត់ ១៥ នាទីរាល់ថ្ងៃសិន។

១៣. ត្រួតពិនិត្យខ្លួនឯងជាប្រចាំ
    🪷ឧទាហរណ៍៖ សួរខ្លួនឯងរាល់អាទិត្យថា "អាទិត្យនេះខ្ញុំមានខ្លាចអីខ្លះ? ខ្ញុំបានធ្វើអីឱ្យខ្លួនឯងរីកចម្រើនខ្លះ?"

១៤. ប្ដូរពីការបារម្ភ មកជាការគិតវិជ្ជមាន
    🪷ឧទាហរណ៍៖ មុនពេលសម្ភាសន៍ការងារ ជំនួសឱ្យការគិតថា "ចប់ហើយ គេមិនយកខ្ញុំទេ" ត្រូវគិតថា "ខ្ញុំមានសមត្ថភាព ខ្ញុំនឹងបង្ហាញឱ្យគេឃើញ"។

១៥. ផ្ដោតអារម្មណ៍លើគោលដៅ
    🪷ឧទាហរណ៍៖ បើគោលដៅគឺសន្សំលុយទិញម៉ូតូ ពេលឃើញអាវស្អាតៗចង់ទិញ ត្រូវហាមចិត្តខ្លួនឯងកុំឱ្យចាយផ្ដេសផ្ដាស។

១៦. និយាយល្អៗដាក់ខ្លួនឯង
    🪷ឧទាហរណ៍៖ ឆ្លុះកញ្ចក់ពេលព្រឹក ហើយប្រាប់ខ្លួនឯងថា "ថ្ងៃនេះជាថ្ងៃល្អ ខ្ញុំជាមនុស្សពូកែ"។

១៧. នៅក្បែរមនុស្សដែលចូលចិត្តលើកទឹកចិត្ត
    🪷ឧទាហរណ៍៖ រកមិត្តដែលពេលយើងមានបញ្ហា គេនិយាយថា "ស៊ូៗ គ្នាជឿថាឯងធ្វើបាន" មិនមែនអ្នកដែលនិយាយថា "ឈប់ធ្វើទៅ នាំតែហត់"។

១៨. ឈប់ដោះសារ ធ្វើឱ្យចេញជារូបរាង
    🪷ឧទាហរណ៍៖ ឈប់និយាយថា "គ្មានពេលអានសៀវភៅ"។ ដាក់ច្បាប់ឱ្យខ្លួនឯង អានមួយថ្ងៃ ៥ ទំព័រមុនចូលគេង។

១៩. រកមូលហេតុដែលធ្វើឱ្យយើងមិនជឿជាក់
    🪷ឧទាហរណ៍៖ បើយើងអៀនមិនហ៊ានញញឹមព្រោះធ្មេញមិនស្អាត ត្រូវទៅជួបពេទ្យធ្មេញដើម្បីកែសម្រួលវាឱ្យស្អាត នោះយើងនឹងជឿជាក់វិញ។

២០. ទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន
    🪷ឧទាហរណ៍៖ បើសម្រេចចិត្តឈប់ធ្វើការនេះហើយ ទោះបីលំបាករកការងារថ្មី ក៏កុំស្តាយក្រោយ ត្រូវខំរកបន្តទៀត។

២១. រកមនុស្សគំរូ (Idol) ក្នុងចិត្ត
    🪷ឧទាហរណ៍៖ ឃើញរៀមច្បងម្នាក់និយាយភាសាអង់គ្លេសបានល្អ យើងយកគាត់ជាគំរូ ហើយខំរៀនតាមគាត់។

២២. កុំបោះបង់ងាយៗ
    🪷ឧទាហរណ៍៖ រៀនហ្គីតាដំបូងឈឺដៃណាស់ ប៉ុន្តែកុំឈប់ ត្រូវលេងរាល់ថ្ងៃទាល់តែម្រាមដៃស៊ាំ និងលេងបានពិរោះ។

២៣. ទុកឧបសគ្គជាមេរៀន
    🪷ឧទាហរណ៍៖ ត្រូវមេស្តីបន្ទោសថាធ្វើរបាយការណ៍ខុស។ កុំខឹងមេ តែត្រូវរៀនពីរបៀបធ្វើរបាយការណ៍ឱ្យត្រូវ ដើម្បីកុំឱ្យខុសលើកក្រោយ។

២៤. យកការលំបាកធ្វើជាឱកាស
    🪷ឧទាហរណ៍៖ ពេលក្រុមហ៊ុនមានការងារបន្ទាន់ដែលគ្មានអ្នកណាចង់ធ្វើ យើងស្ម័គ្រចិត្តធ្វើ ដើម្បីបង្ហាញស្នាដៃឱ្យគេឃើញ។

២៥. នៅកន្លែងដែលមានថាមពលវិជ្ជមាន
    🪷ឧទាហរណ៍៖ ពេលស្រ្តេស ទៅដើរលេងសមុទ្រ ទៅវត្ត ឬទៅនិយាយលេងជាមួយម៉ាក់ប៉ា ឬមនុស្សដែលយើងស្រលាញ់។
_____
ដោយ: សុវត្ថន៍-Sovathn 

#សុវត្ថន៍_Sovathn #ទំនុកចិត្តលើខ្លួនឯង

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
គោលបំណង​ គឺ ដើម្បីលើកស្ទួយដល់អ្នកដែលស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវ​ ដើម្បីយកចំណេះដឹងដែលបានសិក្សាហើយ​យកទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គមជាតិ​ ​ឱ្យបានរីកចម្រើនតទៅ... សូមបញ្ជាក់ថា: វេបសាយនេះ ពុំមានការស្វែងរកផលកម្រៃនិងផលប្រយោជន៍ណាមួយឡើយ... ចំណេះដឹង គ្មានដែនកំណត់​ ​​​​​​​​​​​​​​​​​"ព្រោះការសិក្សា ធ្វើឱ្យមានសេរីភាព"