20 ចំណុច "ទម្លាប់មិនគួរធ្វើ"
20 ចំណុច "ទម្លាប់មិនគួរធ្វើ"
នេះគឺជា ២០ ចំណុច ឬទម្លាប់ដែលអ្នកមិនគួរធ្វើ ដើម្បីឱ្យជីវិតមានភាពរីកចម្រើន និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។
មានដូចខាងក្រោមនេះ៖
🟡ផ្នែកទី ១៖ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទង
_________
១. កុំកាត់សម្តីអ្នកដទៃពេលកំពុងនិយាយ
• ការពន្យល់: ការកាត់សម្តីបង្ហាញពីការមិនគោរព និងមិនចេះស្តាប់។ វាក៏ធ្វើឱ្យអ្នកបាត់បង់ព័ត៌មានសំខាន់ៗដែលគេចង់ប្រាប់។
• ឧទាហរណ៍: មិត្តភក្តិកំពុងរៀបរាប់ពីបញ្ហាក្រពះពោះវៀនរបស់គាត់ អ្នកមិនទាន់ស្តាប់ចប់ផង ក៏កាត់ថា "អូ! ញ៉ាំថ្នាំនេះទៅជាហើយ"។ តាមពិតគាត់ចង់ប្រាប់ថាគាត់ត្រូវវះកាត់។
🔺រឿងចាបពីរ និងឆ្មា (កុំកាត់សម្តី)
ចាបមួយកំពុងព្យាយាមប្រាប់មិត្តវាថា "ប្រយ័ត្ន! ខាងក្រោយឯងមាន..."។ ប៉ុន្តែចាបជាមិត្តមិនស្តាប់ ហើយកាត់សម្តីថា "ឈប់សិន! ឯងមើលស្លាបខ្ញុំស្អាតទេ?"។ និយាយមិនទាន់ចប់ផង ឆ្មាក៏លោតមកត្របាក់ចាបនោះលេបបាត់ទៅ។
🔸មេរៀន: បើមិនស្តាប់ឱ្យចប់ អ្នកអាចបាត់បង់ឱកាសការពារខ្លួន។
២. កុំសន្យា បើដឹងថាធ្វើមិនបាន
• ការពន្យល់: ការសន្យាខ្យល់បំផ្លាញទំនុកចិត្ត (Trust) យ៉ាងធ្ងន់ធ្ងរ។ មនុស្សនឹងលែងជឿជាក់លើអ្នកនៅពេលក្រោយ។
• ឧទាហរណ៍: ប្រាប់មេថា "ខ្ញុំនឹងផ្ញើរបាយការណ៍នៅម៉ោង ៥ ល្ងាច" ទាំងដែលដឹងថាការងារនោះត្រូវការពេល ២ ថ្ងៃទៀត។
🔺រឿងក្មេងគង្វាលចៀម (កុំសន្យាខ្យល់)
ក្មេងម្នាក់តែងស្រែកថា "ចចកមកហើយ!" ដើម្បីបោកអ្នកភូមិលេង។ ថ្ងៃមួយចចកមកមែនទែន គេស្រែកឱ្យជួយ តែគ្មានអ្នកណាជឿ និងទៅជួយឡើយ ព្រោះគេអស់ទំនុកចិត្ត។ ចៀមត្រូវចចកស៊ីអស់។
🔸មេរៀន: ការកុហកឬសន្យាខ្យល់ ធ្វើឱ្យពាក្យពិតរបស់អ្នកលែងមានតម្លៃ។
៣. កុំនិយាយដើមគេ (Gossip) ក្នុងផ្លូវអាក្រក់
• ការពន្យល់: អ្នកដែលនិយាយដើមគេប្រាប់អ្នក ថ្ងៃក្រោយគេនឹងនិយាយដើមអ្នកប្រាប់គេ។ វាបង្កើតបរិយាកាសមិនល្អ។
• ឧទាហរណ៍: ខ្សឹបប្រាប់មិត្តរួមការងារថា "នារី A បានឡើងតំណែងព្រោះខ្សែ" ដោយគ្មានភស្តុតាង។
🔺រឿងបុរសមាត់ខ្យល់ (កុំនិយាយដើមគេ)
មានបុរសម្នាក់ ពូកែដើរនិយាយដើមគេ ដឹងរឿងពីភូមិមួយ ទៅនិយាយប្រាប់ភូមិមួយទៀត គេនិយាយប្រាប់ត្រឹម ១០ តែបុរសម្នាក់នេះនិយាយដល់ ២០ រហូតធ្វើគេដឹងពីសន្ដានពិត ចុងក្រោយអ្នកភូមិដេញមិនឱ្យរស់នៅក្នុងភូមិជាមួយ
🔸មេរៀន: ពាក្យនិយាយដើមគេ ពេលចេញពីមាត់ហើយ មិនអាចដកមកវិញបានទេ វានឹងសាយភាយផ្ដល់ផលអាក្រក់មកលើខ្លួនឯងវិញ។
៤. កុំវិនិច្ឆ័យមនុស្សតែសំបកក្រៅ
• ការពន្យល់: ការស្លៀកពាក់ ឬរូបរាងមិនអាចកំណត់សមត្ថភាព ឬចរិតរបស់គេបានទេ។
• ឧទាហរណ៍: ឃើញមនុស្សស្លៀកពាក់ធម្មតាៗចូលហាង ក៏គិតថាគេគ្មានលុយ មិនរាក់ទាក់។ តាមពិតគេអាចជាសេដ្ឋីដែលមានចរិតសាមញ្ញ។
🔺រឿងដុំថ្ម និងពេជ្រ (កុំវិនិច្ឆ័យសំបកក្រៅ)
អ្នកដំណើរម្នាក់ទាត់ដុំថ្មប្រឡាក់ដីចោលព្រោះគិតថាគ្មានតម្លៃ។ អ្នកជំនាញម្នាក់រើសយកទៅលាងទឹក ក៏ឃើញពន្លឺចែងចាំង វាជាគ្រាប់ពេជ្រដ៏ធំ។
🔸មេរៀន: មនុស្សខ្លះមើលទៅសាមញ្ញ តែខាងក្នុងពោរពេញដោយសមត្ថភាព។
៥. កុំប្រើពាក្យ "តែ" (But) ច្រើនពេកពេលសុំទោស
• ការពន្យល់: ពាក្យ "សុំទោស... ប៉ុន្តែ..." គឺស្មើនឹងមិនសុំទោសសោះ។ វាជាការដោះសារ។
• ឧទាហរណ៍: "ខ្ញុំសុំទោសដែលមកយឺត តែ មកពីខ្ញុំរៀបចំខ្លួនយូរពេក" (នេះជាការបន្ទោស មិនមែនសុំទោសទេ)។
🔺រឿងកញ្ជ្រោងសុំទោសមាន់ (កុំប្រើពាក្យ "តែ")
កញ្ជ្រោងចាប់មាន់ស៊ីមិនបាន ក៏និយាយថា "បងសុំទោសដែលដេញចាប់អូន តែ មកពីអូនឯងធាត់គួរឱ្យចង់ស៊ីពេក"។ មាន់ឮដូច្នោះក៏ដឹងថា កញ្ជ្រោងមិនបានសុំនឹកឃើញកំហុសទេ គឺវានៅតែចង់ស៊ីដដែល។
🔸មេរៀន: ពាក្យសុំទោសដែលមាន "តែ" គឺជាការបន្ទោស មិនមែនការទទួលខុសត្រូវ។
🟡ផ្នែកទី ២៖ ការគ្រប់គ្រងអារម្មណ៍ និងផ្នត់គំនិត
_________
៦. កុំសម្រេចចិត្តពេលកំពុងខឹងខ្លាំង
• ការពន្យល់: ពេលខឹង ផ្នែកខួរក្បាលដែលប្រើហេតុផលដំណើរការខ្សោយ ខាតសតិ ភ្លេចពិចារណា ។ អ្នកអាចនឹងស្តាយក្រោយ។
• ឧទាហរណ៍: ខឹងមេដឹកនាំ រួចសរសេរសំបុត្រលាឈប់ពីការងារភ្លាមៗ ដោយមិនទាន់មានការងារថ្មី។
🔺រឿងពស់ និងរណារ (កុំសម្រេចចិត្តពេលខឹង)
ពស់មួយវារចូលរោងជាង ហើយខ្លួនវាប៉ះរណារមុតស្បែក។ ដោយកំហឹង វាខាំរណារនោះ ធ្វើឱ្យដាច់មាត់។ កាន់តែខឹង វាឆ្វាយរណារនោះយ៉ាងខ្លាំងដើម្បីសម្លាប់សត្រូវ ចុងក្រោយពស់ក៏ត្រូវរណារអារដាច់ខ្លួនស្លាប់។
🔸មេរៀន: កំហឹងធ្វើឱ្យអ្នកបំផ្លាញខ្លួនឯង។
៧. កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃលើបណ្តាញសង្គម
• ការពន្យល់: អ្វីដែលគេបង្ហោះគឺជា "ចំណុចល្អបំផុត" (Highlight reel) មិនមែនជាជីវិតពិតទាំងស្រុងទេ។ ការប្រៀបធៀបនាំឱ្យកើតទុក្ខ។
• ឧទាហរណ៍: ឃើញគេបង្ហោះរូបដើរលេងក្រៅប្រទេស ហើយមានអារម្មណ៍ថាជីវិតខ្លួនឯងបរាជ័យ ទាំងដែលខ្លួនឯងកំពុងមានការងារល្អធ្វើ។
🔺រឿងក្អែក និងក្ងោក (កុំប្រៀបធៀប)
ក្អែកច្រណែនហង្សដែលមានរោមស។ ហង្សថាខ្លួនមិនស្អាតដូចសេក។ សេកថាមិនស្អាតដូចក្ងោក។ ក្ងោកថាខ្លួនស្អាតមែន តែរស់នៅក្នុងទ្រុងសួនសត្វ បាត់បង់សេរីភាព មិនដូចក្អែកដែលចង់ហោះទៅណាបានតាមចិត្ត។
🔸មេរៀន: អ្នកដែលអ្នកច្រណែន អាចនឹងកំពុងច្រណែនជីវិតរបស់អ្នកវិញ។
៨. កុំព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នា
• ការពន្យល់: អ្នកមិនអាចធ្វើឱ្យមនុស្ស ១០០នាក់ ពេញចិត្តអ្នកទាំង ១០០នាក់ទេ។ ការព្យាយាមបែបនេះធ្វើឱ្យបាត់បង់ខ្លួនឯង។
• ឧទាហរណ៍: យល់ព្រមទៅកម្មវិធីជប់លៀងដែលខ្លួនមិនចូលចិត្ត គ្រាន់តែខ្លាចគេថាខ្លួនមិនចុះសម្រុង។
🔺រឿងឪពុកកូន និងសត្វលា (កុំផ្គាប់ចិត្តមនុស្សគ្រប់គ្នា)
ឪពុកកូនជិះលា អ្នកស្រុកថា "អាក្រក់ណាស់ ធ្វើបាបសត្វ"។ ចុះដើរទាំងពីរនាក់ អ្នកស្រុកថា "ល្ងង់ណាស់ មានលាមិនជិះ"។ ឱ្យកូនជិះ អ្នកស្រុកថា "កូនអកតញ្ញូ"។ ចុងក្រោយឪពុកកូនសែងលា។
🔸មេរៀន: បើស្តាប់មាត់អ្នកដទៃគ្រប់គ្នា អ្នកនឹងត្រូវសែងលា (ធ្វើរឿងឆ្កួតៗ)។
៩. កុំចងគំនុំ
• ការពន្យល់: ការចងគំនុំប្រៀបដូចជាអ្នកផឹកថ្នាំពុល ហើយរំពឹងឱ្យអ្នកផ្សេងស្លាប់។ វាក្តៅក្រហាយតែខ្លួនឯងទេ។
• ឧទាហរណ៍: ខឹងមិត្តភក្តិម្នាក់តាំងពី ១០ ឆ្នាំមុន ហើយនៅតែមិនព្រមនិយាយរកគេ ទោះបីជារឿងនោះតូចតាចក៏ដោយ។
🔺រឿងព្រះសង្ឃពីរអង្គ (កុំចងគំនុំ)
ព្រះសង្ឃចាស់ឃើញភិក្ខុបូសថ្មី ឆាន់ចង្ហាន់លឺខ្លាំងពេក ក៏យកចង្ហាន់របស់ភិក្ខុថ្មីទៅឱ្យសាមណេរ។ ព្រះសង្ឃក្មេងសួរថា "ហេតុអ្វីលោកបង ធ្វើបែបនេះ ?" ព្រះសង្ឃចាស់មិនតប មិននិយាយអ្វីទាំងអស់ "ព្រះសង្ឃថ្មីចងគំនុំខឹង ចាប់ក្នុងចិត្តជានិច្ច" រហូតដល់សឹកហើយក៏នៅចងគំនុំ នេះព្រោះហេតុព្រះសង្ឃចាស់ មិននិយាយប្រាប់ហេតុផលឲ្យច្បាស់
🔸មេរៀន: ការចងគំនុំ គឺដូចជាការបន្តលីទុក្ខដាក់ក្នុងចិត្ត ទាំងដែលរឿងបានចប់បាត់ទៅហើយ។
១០. កុំខ្លាចបរាជ័យ រហូតមិនហ៊ានចាប់ផ្តើម
• ការពន្យល់: បរាជ័យគឺជាផ្នែកមួយនៃភាពជោគជ័យ។ បើមិនធ្វើ អ្វីៗក៏មិនកើតឡើងដែរ។
• ឧទាហរណ៍: ចង់រកស៊ីលក់ដូរ តែខ្លាចខាត ក៏ចេះតែពន្យារពេលរហូតដល់ចាស់ ហើយនៅតែមិនបានធ្វើ។
🔺រឿងគ្រាប់ពូជខ្លាចដី (កុំខ្លាចបរាជ័យ)
គ្រាប់ពូជមួយមិនហ៊ានដុះទេ ព្រោះខ្លាចដីកខ្វក់ ខ្លាចអត់ទឹក ខ្លាចសត្វស៊ី។ វាសុខចិត្តនៅក្នុងថង់។ មួយឆ្នាំក្រោយមក គ្រាប់ពូជផ្សេងទៀតក្លាយជាដើមឈើធំ ឯគ្រាប់ពូជនោះស្ងួតក្រៀមហើយស្លាប់ក្នុងថង់។
🔸មេរៀន: ការមិនហ៊ានប្រថុយ គឺជាហានិភ័យធំបំផុត។
🟡ផ្នែកទី ៣៖ ការងារ និងផលិតភាព
_________
១១. កុំធ្វើការច្រើនមុខក្នុងពេលតែមួយ (Multitasking) ពេក
• ការពន្យល់: ខួរក្បាលមិនអាចផ្តោតអារម្មណ៍ ១០០% លើរឿងពីរក្នុងពេលតែមួយបានទេ។ វាធ្វើឱ្យគុណភាពការងារធ្លាក់ចុះ។
• ឧទាហរណ៍: និយាយទូរស័ព្ទជាមួយអតិថិជនផង និងសរសេរអ៊ីមែលផង។ ចុងក្រោយ អ៊ីមែលសរសេរខុស ហើយនិយាយជាមួយភ្ញៀវក៏មិនដឹងរឿង។
🔺រឿងឆ្កែដេញទន្សាយពីរ (កុំធ្វើការច្រើនមុខពេលតែមួយ)
ឆ្កែមួយឃើញទន្សាយពីរ។ វាចង់បានទាំងពីរ ក៏រត់ដេញឆ្វេងផង ស្ដាំផង។ ចុងក្រោយទន្សាយទាំងពីររត់រួចអស់។
🔸មេរៀន: ផ្តោតលើរបស់មួយឱ្យបានសម្រេច សិនចាំយកមួយទៀត។
១២. កុំពន្យារពេល (Procrastination)
• ការពន្យល់: ការពន្យារពេលបង្កើតភាពតានតឹង (Stress) នៅពេលជិតដល់ថ្ងៃកំណត់។
• ឧទាហរណ៍: មានពេល ១ ខែដើម្បីធ្វើសារណា តែចាំដល់ ២ ថ្ងៃចុងក្រោយទើបចាប់ផ្តើមធ្វើ។
🔺រឿងចង្រិត និងស្រមោច (កុំពន្យារពេល)
ចង្រិតច្រៀងលេងសប្បាយនៅរដូវក្ដៅ ព្រោះគិតថា "ចាំស្អែកចាំរកចំណីក៏បាន"។ ស្រមោចខំរកទុក។ ដល់រដូវរងា ចង្រិតដាច់ពោះស្លាប់ ព្រោះរកចំណីមិនទាន់។
🔸មេរៀន: ការពន្យារពេលនាំមកនូវទុក្ខវេទនានៅថ្ងៃក្រោយ។
១៣. កុំបដិសេធការរិះគន់ដើម្បីស្ថាបនា
• ការពន្យល់: ការរិះគន់ខ្លះជាកញ្ចក់ឆ្លុះបញ្ចាំងចំណុចខ្វះខាត។ បើមិនទទួលយក អ្នកនឹងមិនរីកចម្រើន។
• ឧទាហរណ៍: មេប្រាប់ថា "អត្ថបទនេះសរសេរនៅស្ទើរ" អ្នកបែរជាខឹង ហើយគិតថាមេស្អប់ខ្លួន ជំនួសឱ្យការសួរថា "តើខ្ញុំគួរកែត្រង់ណា?"។
🔺រឿងស្ដេចបំបែកកញ្ចក់ (កុំបដិសេធការរិះគន់)
ស្ដេចមួយអង្គឆ្លុះកញ្ចក់ឃើញមុខខ្លួនឯងចាស់ ក៏ខឹងហើយវាយកញ្ចក់ចោល។ ទោះកញ្ចក់បែក ក៏ស្ដេចនៅតែចាស់ដដែល មិនបានក្មេងជាងមុនទេ។
🔸មេរៀន: ការបំបិទមាត់អ្នករិះគន់ មិនធ្វើឱ្យចំណុចខ្សោយរបស់អ្នកបាត់ទៅវិញទេ។
១៤. កុំធ្វើការដោយគ្មានគោលដៅ
• ការពន្យល់: ការខំប្រឹងដោយគ្មានទិសដៅ គឺហត់កាយឥតប្រយោជន៍។
• ឧទាហរណ៍: ធ្វើការរាល់ថ្ងៃដើម្បីតែលុយប្រចាំខែ ដោយមិនគិតថា ៥ ឆ្នាំទៀតខ្លួនចង់មានជំនាញអ្វី ឬនៅកន្លែងណា។
🔺រឿងទូកកណ្តាលសមុទ្រ (កុំគ្មានគោលដៅ)
ទូកមួយបើកចេញទៅសមុទ្រដោយគ្មានគោលដៅ និងគ្មានត្រីវិស័យ។ ខ្យល់បក់ទៅណា វាក៏រសាត់ទៅហ្នឹង។ ចុងក្រោយវាអស់ស្បៀង ហើយលិចកណ្តាលសមុទ្រ។
🔸មេរៀន: បើមិនដឹងថាចង់ទៅណា អ្នកនឹងមិនទៅដល់ទីណាទាំងអស់។
១៥. កុំមើលរំលងសារសំខាន់នៃការកត់ត្រា
• ការពន្យល់: ខួរក្បាលមនុស្សមិនអាចចាំបានទាំងអស់ទេ។ កុំជឿជាក់លើការចងចាំខ្លួនឯងពេក។
• ឧទាហរណ៍: ចូលប្រជុំដោយមិនយកសៀវភៅកត់ត្រា ចេញមកវិញភ្លេចពាក់កណ្តាល។
🔺រឿងអ្នកប្រាជ្ញភ្លេចសៀវភៅ (កុំមើលរំលងការកត់ត្រា)
អ្នកប្រាជ្ញម្នាក់ជឿជាក់លើការចងចាំរបស់ខ្លួន មិនព្រមកត់ត្រា។ ថ្ងៃមួយគាត់ធ្លាក់ខ្លួនឈឺធ្ងន់ បាត់បង់ការចងចាំ ចំណេះដឹងទាំងអស់ក៏រលាយបាត់អស់គ្មានសល់។
🔸មេរៀន: ទឹកខ្មៅមួយដំណក់លើក្រដាស ប្រសើរជាងការចងចាំដ៏អស្ចារ្យ។
🟡ផ្នែកទី ៤៖ ហិរញ្ញវត្ថុ និងសុខភាព
_________
១៦. កុំចាយលុយលើសពីចំណូល
• ការពន្យល់: នេះជាអន្ទាក់នៃភាពក្រីក្រ។ ការបង្កើតបំណុលដើម្បីសម្ភារៈនិយម ជារឿងគ្រោះថ្នាក់។
• ឧទាហរណ៍: ប្រាក់ខែ ៣០០$ តែទិញទូរស័ព្ទ ១៥០០$ ដោយបង់រំលស់ ហើយគ្មានលុយសល់សម្រាប់សន្សំ។
🔺រឿងមាន់ពងមាស (កុំចាយលើសចំណូល)
កសិករមានមាន់ពងជាមាស។ ដោយចិត្តលោភលន់ ចង់បានមាសច្រើនភ្លាមៗដើម្បីចាយវាយ គាត់ក៏វះពោះមាន់។ ចុងក្រោយ មាន់ងាប់ មាសក៏គ្មាន។
🔸មេរៀន: ការបំផ្លាញប្រភពចំណូល (ឬសន្សំ) ដើម្បីបំពេញតម្រូវការភ្លាមៗ នាំឱ្យក្ររហូត។
១៧. កុំខ្ចីលុយគេដើម្បីទៅឱ្យអ្នកផ្សេងខ្ចីបន្ត
• ការពន្យល់: នេះជាកំហុសហិរញ្ញវត្ថុដ៏ធំ។ បើអ្នកចុងក្រោយមិនសង អ្នកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង។
• ឧទាហរណ៍: អាណិតបងប្អូន ទៅខ្ចីធនាគារដាក់ឈ្មោះខ្លួនឯង ដើម្បីយកលុយឱ្យបងប្អូនរកស៊ី។
🔺រឿងស្វាខ្ចីចេក (កុំខ្ចីលុយគេឱ្យអ្នកផ្សេង)
ស្វា A ទៅខ្ចីចេកពីស្វា B ដើម្បីយកទៅឱ្យស្វា C ខ្ចីបន្ត។ ស្វា C រត់បាត់។ ស្វា B មកទារចេកពីស្វា A។ ស្វា A គ្មានចេកសង ក៏ត្រូវស្វា B វាយ។
🔸មេរៀន: កុំយកកខ្លួនឯងទៅដាក់អន្ទាក់ជំនួសគេ។
១៨. កុំបោះបង់សុខភាពដើម្បីលុយ
• ការពន្យល់: លុយអាចរកបាន តែសុខភាពខូចហើយពិបាកស្រោចស្រង់។
• ឧទាហរណ៍: ធ្វើការ ២០ ម៉ោងក្នុងមួយថ្ងៃ ញ៉ាំតែមីកញ្ចប់។ ចុងក្រោយយកលុយដែលរកបាន ទៅព្យាបាលជំងឺក្រពះ និងតម្រងនោម។
🔺រឿងសេដ្ឋីលក់ភ្នែក (កុំបោះបង់សុខភាពដើម្បីលុយ)
បុរសម្នាក់ព្រមលក់ភ្នែកទាំងគូរបស់ខ្លួន ដើម្បីប្ដូរយកភ្នំមាស។ ពេលបានភ្នំមាសហើយ គាត់សួរថា "មាសស្អាតទេ?" តែគាត់មើលមិនឃើញអ្វីទាំងអស់ ហើយក៏មិនអាចប្រើមាសនោះបានដែរ។
🔸មេរៀន: មានលុយច្រើនប៉ុណ្ណា បើគ្មានសុខភាព ក៏គ្មានន័យ។
១៩. កុំបើកបរពេលស្រវឹង
• ការពន្យល់: នេះមិនត្រឹមតែខុសច្បាប់ តែវាជាការប្រមាថជីវិតខ្លួនឯង និងអ្នកដទៃ។
• ឧទាហរណ៍: គិតថា "ញ៉ាំតែ ២ កំប៉ុងមិនអីទេ" រួចជិះម៉ូតូទៅបុកគេ។
🔺រឿងស្រមោចស្រវឹងស្រា (កុំបើកបរពេលស្រវឹង)
ស្រមោចមួយធ្លាក់ក្នុងធុងស្រា។ ពេលស្រវឹង វាឡើងមកឈរលើមាត់ធុងហើយស្រែកថា "អាណាខ្លាំងចេញមក!"។ ដំរីមួយដើរកាត់ ជាន់ស្រមោចនោះងាប់ ដោយមិនទាំងដឹងថាជាន់វាផង។
🔸មេរៀន: ភាពក្លាហានពេលស្រវឹង គឺជាភាពល្ងង់ខ្លៅដែលនាំទៅរកសេចក្តីស្លាប់។
២០. កុំរស់នៅដោយភ្លេចដឹងគុណ
• ការពន្យល់: ការមិនដឹងគុណធ្វើឱ្យជីវិតគ្មានន័យ និងបាត់បង់មនុស្សល្អៗជុំវិញខ្លួន។
• ឧទាហរណ៍: ឪពុកម្តាយខំចិញ្ចឹម តែពេលជោគជ័យបែរជាភ្លេចពួកគាត់ ឬគិតថាជាកាតព្វកិច្ចរបស់ពួកគាត់។
🔺រឿងកសិករនិងពស់ (កុំរស់នៅដោយភ្លេចគុណ)
ក្នុងរដូវរងា កសិករឃើញពស់កកជិតស្លាប់ ក៏យកមកដាក់ក្នុងអាវឱ្យកក់ក្តៅ។ ពេលពស់ដឹងខ្លួន វាខាំកសិករនោះស្លាប់។
🔸មេរៀន: ធ្វើគុណលើមនុស្សមិនដឹងគុណ គឺផ្តល់ទោសដល់ខ្លួនឯង។
ដោយ: សុវត្ថន៍-Sovathn
#សុវត្ថន៍_Sovathn #ទម្លាប់ #ចំណេះដឹង #ផ្នត់គំនិង #Sovatthanachhen
%20%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%80%E1%9E%B6%E1%9E%9A.png)